ស្ត្រីម្នាក់ទើបឆ្លងទន្លេបាន៤៦ម៉ោង ត្រូវគេលួចកូនចេញពីមន្ទីរពេទ្យហើយបានលក់ឲ្យទៅគ្រួសារមួយទៀត តែទីបំផុតបានជួបគ្នាវិញ (មានវីដេអូ)

ចិន៖ ប្ដីប្រពន្ធជនជាតិចិនមួយគូ​ បានជួបជុំគ្នាជាមួយកូនប្រុសដែលទើបតែសម្រាលរបស់ពួកគេវិញ បន្ទាប់ពីទារកនោះត្រូវគេលួចចេញពីមន្ទីរពេទ្យ ហើយលក់បន្ដឲ្យទៅគ្រួសារមួយទៀត ដែលស្ថិតនៅខេត្ដផ្សេងគ្នា។

តាមរយៈរូបភាព និងវីដេអូថតដោយប៉ូលិស បានបង្ហាញពីម្ដាយកំពុងតែសម្រក់ទឹកភ្នែក​ហើយឱបកូនយ៉ាងណែន ខណៈប្ដីរបស់គាត់ព្យាយាមលោងលោម នៅពេលបានជួបជុំជាមួយកូនប្រុសរបស់ខ្លួនវិញ ក្រោយបែកគ្នារយៈពេល ៦ថ្ងៃ។

យោងតាមការផ្សាយលើបណ្ដាញសង្គមបានឲ្យដឹងថា ទារកនេះត្រូវគេលួចយកទៅកាលពីថ្ងៃទី៥ ខែកក្កដា ពីមន្ទីរពេទ្យក្នុងស្រុកមួយ នៃខេត្ដយូណាន។ ហើយនៅពេលទទួលបានដំណឹងនេះ ប៉ូលិសក៏បានបង្កើតអ្នកក្រុមជំនាញ ដើម្បីស៊ើបអង្កេតលើករណីនេះភ្លាមៗតែម្ដង។

ជុំវិញករណីនេះ ស្រ្ដីជាម្ដាយបានរៀបរាប់ថា៖

កូនរបស់ខ្ញុំកើតទើបបាន៤៦ម៉ោងប៉ុណ្ណោះ។ ខ្ញុំបានបំបៅគេនៅម៉ោងប្រហែលម៉ោង ២ទៀបភ្លឺ ហើយពេលខ្ញុំភ្ញាក់ឡើងនៅម៉ោង៣ ក៏បាត់គេតែម្ដង។

យ៉ាងណាមិញ ពេលពិនិត្យមើលកាមេរ៉ាសុវត្ថិភាព ប៉ូលិសបានរកឃើញមនុស្សម្នាក់គួរឲ្យសង្ស័យ ដោយគេបានចេញពីមន្ទីរពេទ្យយ៉ាងប្រញាប់ប្រញាល់​ជាមួយនឹងទារកម្នាក់ នៅម៉ោងប្រហែល២ និង ២៥នាទី។ ជាមួយគ្នានេះ ប៉ូលិសក៏បានឆែកឆេររថយន្ដជាង ២,០០០គ្រឿង ដែល

សង្ស័យជាប់ទាក់ទងនឹងករណីនេះ ហើយនៅទីបំផុតប៉ូលិសបានដាក់គោលដៅលើម្ចាស់រថយន្ដម៉ាក Jeep ពណ៌ខ្មៅមួយគ្រឿង ដែលគ្មានអាជ្ញាប័ណ្ណ។

បន្ទាប់ពីធ្វើការស្រាវជ្រាវរួចមក ប៉ូលិសរកឃើញថា អ្នកបើករថយន្ដនោះជាគឺបុរស មានឈ្មោះ Li ដែលតែងតែបង្ហាញខ្លួនជាញឹកញាប់នៅក្បែរមន្ទីរពេទ្យ មុនពេលហេតុការណ៍កើតឡើង ហើយរហូតដល់ថ្ងៃទី៧ ខែកក្កដា ជនជាប់ចោទក៏ត្រូវបានចាប់ខ្លួន នៅឯសណ្ឋាគារមួយក្នុង

ទីក្រុង Lijiang ។ បន្ទាប់ពីនោះ មន្ដ្រីជំនាញក៏សម្រេចចិត្ដបើករថយន្ដទៅផ្ទះអ្នកដែលទិញទារកនោះភ្លាមៗ ដែលស្ថិតក្នុងស្រុក Ebian នៃខេត្ដ Sichuan ។

ពេលទៅដល់ ក៏ប្រទះឃើញស្ត្រីជាប្រពន្ធម្នាក់ឈ្មោះ Wang និងបុរសជាប្ដីឈ្មោះ Luo កំពុងតែកាន់ទារកនោះនៅក្នុងបន្ទប់របស់ពួកគេ។ ក្រោយការសាកសួរ អ្នកទាំងពីរបានរៀបរាប់ថា ដោយសារពួកគេមិនអាចមានកូនបាន ដូច្នេះក៏សម្រេចទិញទារកនោះ នៅក្នុងតម្លៃ

៥០,០០០យ័ន (ជាង៧,០០០ដុល្លារអាមេរិក)។

នៅថ្ងៃទី១១ ខែកក្កដា ប៉ូលិលក៏បាននាំទារកទៅខេត្ដយូណានវិញ ដើម្បីជួបនឹងឪពុកម្ដាយរបស់គេ។ ហើយទន្ទឹមនឹងនេះ ប្ដីប្រពន្ធទាំងពីរបានថ្លែងអំណរគុណដល់ប៉ូលីសផងដែរ នៅពេលពួកគេទទួលបានកូនប្រុសមកវិញ ដោយស្ត្រីជាប្រពន្ធបាននិយាយថា៖

ប្រសិនមិនមានជំនួយពីប៉ូលិសទេ ខ្ញុំប្រហែលលែងបានជួបមុខកូនប្រុសរបស់ខ្ញុំ អស់មួយជីវិតហើយ។

យ៉ាងណាមិញ ជនសង្ស័យ រួមនឹងប្ដីប្រពន្ធដែលបានទិញទារកនោះ ក៏កំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់ប៉ូលីស បន្ថែមទៀតផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖