ឆេះរលាកពេញខ្លួនរបួសធ្ងន់ និងបាក់ជើងម្ខាង ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូបណ្តាលអោយផ្ទុះឆាបឆេះ

បុរសម្នាក់ដែលរងរបួសធ្ងន់ធ្ងរដោយត្រូវភ្លើងឆេះរលាកពេញខ្លួន ត្រូវបានបញ្ជូនទៅធ្វើការសង្គ្រោះបន្តនៅឯមន្ទីរពេទ្យរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ ដោយឡែកជនរងគ្រោះម្នាក់ទៀត កំពុងសម្រាកព្យាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះវិហារ។

លោកវេជ្ជបណ្ឌិត សុក វាសនា ប្រធានមន្ទីរពេទ្យ១៦មករា បានថ្លែងប្រាប់ថា ក្នុងចំណោមជនរងគ្រោះ២នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ មានម្នាក់ត្រូវបានបញ្ជូនទៅធ្វើការសង្រ្គោះបន្ត នៅមន្ទីរពេទ្យរាជធានីភ្នំពេញនៅព្រឹកថ្ងៃនេះ ដោយសារស្ថានភាពមានអាការៈធ្ងន់ធ្ងរ គឺរលាកខ្លួនប្រាណប្រមាណ៨០% ហើយបាក់ជើងម្ខាងទៀត ចំណែកជនរងគ្រោះម្នាក់ទៀត កំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យខេត្ត ក្រោមការយកចិត្តទុកដាក់ព្យាបាលពីក្រុមគ្រូពេទ្យ។

សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅភូមិស្រះឈូក សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ បណ្តាលឲ្យមនុស្ស២នាក់ បានរងរបួសជាទម្ងន់ ដោយម្នាក់ត្រូវភ្លើងឆេះ ហើយត្រូវបានគេដឹកយកទៅសង្គ្រោះបន្ទាន់ នៅក្នុងមន្ទីរពេទ្យបង្អែក១៦មករា។

ប្រជាពលរដ្ឋបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តមិនស្គាល់អត្តសញ្ញាណមួយគ្រឿង បើកកៀរម៉ូតូជនរងគ្រោះឌុបគ្នាពីរនាក់ រងការឆាបឆេះអស់ទាំងស្រុង។ រីឯអ្នកបើកបរ បានបើករថយន្តគេចខ្លួនបាត់ និងសមត្ថកិច្ចកំពុងបន្តបើកការស្រាវជ្រាវ ដើម្បីនាំខ្លួនជនបង្ក ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់។

យោងរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានបង្ហាញថា ជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រួមមាន៖

ទី១៖ ឈ្មោះ វឿន វណ្ណា អាយុ១៧ឆ្នាំ ជាសិស្សសាលារស់នៅភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ រងរបួសធ្ងន់ ទី២៖ ឈ្មោះ វ៉ន មីនា អាយុ១៨ឆ្នាំ ជាសិស្សរស់នៅភូមិប្រមេរុ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ រងរបួសធ្ងន់ បើកបរម៉ូតូមួយគ្រឿងម៉ាស៊ុយហ្សុយគីនិច ពណ៌ស ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខ ព្រះវិហារ 1B-7299 បណ្តាល ឲ្យផ្ទុះឆេះរងការខូចខាតទាំងស្រុង៕