អាសន្នហើយ! ប្រជាជនមីយ៉ាន់ម៉ា នាំគ្នាសម្រុកទៅដកលុយចេញពីទូ ATM និងទិញអីវ៉ាន់ស្តុកទុក ខណៈប្រទេសកំពុងធ្លាក់ក្នុងការធ្វើរដ្ឋប្រហារពីសំណាក់យោធា

មីយ៉ាន់ម៉ា៖ តាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា ប្រជាជនមីយ៉ាន់ម៉ា បាននាំគ្នាសម្រុកទៅដកលុយចេញពីទូ ATM និងធនាគារ ព្រមទាំងបានទិញអីវ៉ាន់ និងចំណីអាហារស្តុកទុក ពីព្រោះតែភ័យខ្លាចនឹងភាពអសន្តិសុខដែលកំពុងកើតមាន ខណៈប្រទេសកំពុងធ្លាក់ក្នុងការធ្វើរដ្ឋប្រហារពីសំណាក់យោធា។

ទន្ទឹមនឹងនោះ សមាគមធនាគារមីយ៉ាន់ម៉ាបានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ធនាគារមីយ៉ាន់ម៉ាទាំងអស់បានសម្រេចបិទសេវាកម្មហិរញ្ញវត្ថុជាបណ្តោះអាសន្ននៅថ្ងៃច័ន្ទនេះ ដោយសារតែការតភ្ជាប់បណ្តាញសេវាអ៊ីនធើណិតកំពុងរអាក់រអួល ហើយប្រព័ន្ធទំនាក់ទំនង និងសេវាទូរស័ព្ទក៏មិនអាចហៅចេញចូលបានទៀត ក្នុងស្ថានភាពនយោបាយបច្ចុប្បន្ននេះ។

គួរបញ្ជាក់ថា ខណៈនេះយោធាមីយ៉ាន់ម៉ាកំពុងគ្រប់គ្រងស្ថានការណ៍ ហើយកងទ័ពជាច្រើនត្រូវបានដាក់ពង្រាយនៅតាមដងផ្លូវក្នុងរដ្ឋធានី ណៃពិដោ និងទីក្រុង យ៉ាងហ្គន បន្ទាប់ពីពួកគេបានចាប់ឃុំខ្លួនមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី និងឥស្សរជនជាន់ខ្ពស់ដទៃទៀត ក្នុងបំណងចង់ធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលបច្ចុប្បន្ន ដោយមិនសុខចិត្តទៅ

នឹងលទ្ធផលនៃការបោះឆ្នោតកាលពីខែ វិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅ ដែលគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ NLD បានឈ្នះភ្លូកទឹកភ្លូកដីទៅលើគណបក្សគាំទ្រដោយយោធារបស់ខ្លួននោះ និងបានចោទប្រកាន់ថា វាជាការក្លែងបន្លំ៕ប្រភព៖khmerload