ថៃខាតបង់សេដ្ឋកិច្ចរាប់ពាន់លាន ពីការធ្វើរដ្ឋប្រហារ នៅភូមា

បរទេស៖ ក្រោយពេលមេដឹកនាំយោធាមីយ៉ាន់ម៉ា (ភូមា) ធ្វើរដ្ឋប្រហារចាប់ឃាត់ខ្លួនលោកស្រី អ៊ុង សាន់ស៊ូជី និងមេដឹកនាំកំពូលនោះមក ឥទ្ធិពលនយោបាយខាងលើនេះ បានធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសថៃ ​អាចនឹងត្រូវខាតបង់ គិតជាទឹកប្រាក់​២ពាន់លានបាត ឬស្មើនឹងប្រហែល៦៦,៨លានដុល្លារអាមេរិក ក្នុង​​១ខែៗ​។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The Phuket News កាលពីរសៀល ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១។

លោក Aat Pisanwanich អគ្គនាយកមជ្ឈមណ្ឌល​ស្រាវជ្រាវពាណិជ្ជកម្ម​អន្តរជាតិ ​មកពីមហាវិទ្យាល័យពាណិជ្ជកម្មថៃ បានឲ្យដឹងថា ការដឹកជញ្ជូនទំនិញឆ្លងព្រំដែន រវាងថៃ និងមីយ៉ាន់ម៉ា ​នឹងជួបបញ្ហាជាច្រើន ដោយសារតែការត្រួតពិនិត្យ​យ៉ាងតឹងតែងពីរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ។ ដូច្នេះបញ្ហាវិបត្ដិនយោបាយនៅប្រទេសជិតខាងមួយនេះ នឹងធ្វើឲ្យថៃ​ខាតបង់ ប្រាក់ចំណូលគិតជាទឹកប្រាក់​៥០លានបាត (លុយថៃ)ក្នុងមួយថ្ងៃៗ។ ប៉ុន្ដែបើស្ថានភាពនយោបាយ នៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅតែបន្ដទៀតនោះ ថៃនឹងខាតបង់ខាងសេដ្ឋកិច្ច ​ក្នុងពេល​១ខែ ប្រហែល២ពាន់លានបាត (ជាង ៦៦លានដុល្លារអាមេរិក)​។

លោក Aat Pisanwanich បានបន្ថែមថា ទោះជាយ៉ាងណា លោកនៅតែមានសុទិដ្ឋិនិយមថា វិបត្ដិនយោបាយ នៅក្នុងប្រទេសមីយ៉ាន់ម៉ា នឹងវិលត្រឡប់មករកភាពប្រក្រតីវិញ​។ ដោយឡែក​សហគមន៍អន្តរជាតិ រួមមាន សហរដ្ឋអាមេរិក អឺរ៉ុប ជប៉ុន និង បណ្តាប្រទេសជាច្រើន​ទៀត ក៏មិននៅស្ងៀមដែរ។ ប្រទេសទាំងនោះនឹង​ដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើរដ្ឋាភិបាលយោធារបស់ប្រទេសមីយ៉ាន់ម៉ា។

លោក Aat Pisanwanich បានបញ្ជាក់ថា ប្រសិនបើបណ្ដាប្រទេសទាំងនោះដាក់ទណ្ឌកម្ម អាចនឹងបង្កឲ្យស្ថានភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ កាន់តែអាក្រក់ថែមទៀត​ ព្រោះ​​មីយ៉ាន់ម៉ា ជាប្រទេស​មានប្រាក់ចំណូលមធ្យមកម្រិតទាបបំផុត នៅក្នុងតំបន់​។ ចំណែកក្រុមអ្នកវិនិយោគកំពុងតែរង់ចាំ​មើលអំពីស្ថានភាពនយោបាយ ក្រោមការដឹកនាំរបស់រដ្ឋាភិបាលយោធានោះផងដែរ។

ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ បានស្នើដល់​មន្ត្រីជំនាញរបស់ខ្លួនវាយតម្លៃ​ជាបន្ទាប់ អំពីផលប៉ះពាល់ននានា នៅតាមបណ្តោយព្រំដែន រវាងប្រទេសជិតខាងទាំង២នេះ ដើម្បីស្វែងរកមធ្យោបាយដោះស្រាយជាបន្ទាន់៕​